Khmer Song

Saturday, July 24, 2021

តើអ្វីជាគោលបំណងនៃជីវិតគ្រប់ៗគ្នា?

ជីវិតរស់នៅនៃមនុស្សមានបែបផែនផ្សេងៗគ្នា  ហើយដើម្បីបំណងនៃជីវោតរបស់ពួកគេ គេខិតខំសព្វបែបយ៉ាងទាំងយប់ទាំងថ្ងៃ ខ្លះបាយស្ទើរមិនចូលមាត់ខំរកអាហាលុយកាក់ឥតសម្រាក់ មិនខ្លាចរងាក្តៅ ភ្លៀងផ្គររន្ទះ ។

តើអ្វីទៅជាបំណងនៃជីវិតពិតនោះ?

យោងលើទ្រឹស្តីរបស់លោកម៉ាស្លូ(Maslow)ថា មនុស្សយើងមានតម្រូវការបួនគឺ៖ ១ចំណីអាហារនិងសំលៀកបំពាក់ ២សុខសុវត្ថិភាព ៣សេចក្តីស្រលាញ់ ៤កិត្តិយស និងការគោរព។

រីឯទ្រឹស្តីក្នុងព្រះពុទ្ធសាសនាវិញ ព្រះអង្គសម្តែងថាមនុស្សសត្វដែលកំពុងតែរស់ក្នុងលោកសន្តនិវាសន៏ នេះមានតម្រូវ៤យ៉ាងដូចគ្នាតែខុសគ្នាត្រង់អាថ៍ខ្លះ ។ ព្រះសម្តែងថាសត្វលោកត្រូវអាស្រ័យនឹងបច្ច័យ បួនគឺ ៖

  • ទី១ចីវរបច្ច័យ គ្រឿងស្លៀកពាក់ សំពត់ខោអាវ ចំណែកព្រះសង្ឃគេហៅថាស្បង់ចីពរ
  •  ទី២បិណ្ឌបាត្របច្ច័យ គ្រឿងបរិភោគចំណីអាហារស្បៀងស្រូវអង្ករ
  • ទី៣សេនាសនបច្ច័យ កន្លែងជ្រកកោន ស្នាក់អាស្រ័យនៅមានផ្ទះកុដិសាលា ព្រះវិហារ។ល។
  • ទិ៤ គិលានប្បច្ច័យ ថ្នាំសង្កូវសម្រាប់ព្យាបាលជំងឺសព្វយ៉ាងបង្ការកុំឲ្យមានរោគាព្យាធិផ្សេងៗចូលមកយាយីអាយុជីវិត ។ 

 ក្រៅពីសេចក្តីត្រូវការដោយគ្រឿងបរិភោគ សំលៀកបំពាក់់ល្អស្រស់ឆើតឆាយហើយ សត្វលោកត្រូវការខ្លាំងបំផុតមិនអាចខ្វះបាននោះគឺសេចក្តីសុខ ។ សុខស្រួលទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រះសម្មាសម្ពុទ្ធ សម្តែងថា«គ្មានសេចក្តីសុខណាស្មើនឹងសេចក្តីទេ» ។ 

អ្នកមានសេដ្ឋី ស្តេចមន្ត្រី គហបតីសេនាកាមាត្យ មានមាសពេជ្រកែវកងពិទូរ្យសូរ្យកាន្ត គរចាក់ធារ វិមានសីលា មហាវិហារភូមិគ្រឹះស្កឹមស្កៃ ស្រីស្នំបម្រើឆ្វែងស្តាំរាប់ភ្លេច តែបុគ្គលខ្លះរកសេចក្តីសុខពិតប្រាកដមិនឃើញ បុគ្គលខ្លះយល់ឃើញថាសេចក្តីសុខរបស់ពួកគេស្ថិតនៅលើអំណាច អ្នកខ្លះទៀតគិតថា សេចក្តីសុខពួកលើមានទ្រព្យសម្បត្តិ ចំណែកឯបុគ្គលពួកខ្លះទៀតគិតថា សេចក្តីសុខនៃពួកគេ អាស្រ័យលើគេគោរពកោតខ្លាចច្រើន ។ ដោយការគិតខុសរបស់ពួកគេយ៉ាងនេះ យ៉ាងនោះហើយ ក៏នាំ គ្នាប្រព្រឹត្តល្មើស​ រំលោភបំពារបំពានជីវិតសិទ្ធិអ្នកដទៃ ប្រល័យសត្វតូចសត្វធំដោយគ្មានមេត្រាប្រណី គឺធ្វើយ៉ាងណាឲ្យតែខ្លួនបានសប្បាយ មានសេចក្តីសុខក្នុងមួយគ្នានោះ មិនខ្លាចមានបាបកម្ម ឬខ្លាចពេលដែលខ្លួនទន់ខ្សោយកម្លាំងកាយពលឬចាស់ជរា អស់អំណាច ធ្លាក់ខ្លួនក្រ កម្មវាតាមសងវិញទេ ។ 

យើងមានឩទាហរណ៏ជាច្រើនសម្រាប់បញ្ហាជីវិតមនុស្សយើងឲ្យពិចារណាក្នុងការសម្រេចបំណង និងស្វែងរកសុខ សុភមង្គល កុំឲ្យទំនើងតាមតែចិត្តចង់បានខ្វះសេចក្តីពិចារណា មិនមានមនសិការ សុភមង្គលវិច្ឆ័យ ធ្វើឲ្យអ្នកដទៃរងគ្រោះនិរាសខ្លោចផ្សា ហើយក៏មានបុគ្គលដែលជាមេដឹកនាំប្រទេសជាច្រើនដែលដឹកនាំជាតិដើម្បីតែសេចក្តីប្រាថ្នា ចំណង់តណ្ហាខ្លួន និងក្រុមបក្សពួកធ្វើឲ្យសង្គមជាតិ ពលរដ្ឋខ្លួនិងប្រទេសជាប់ភូមិផងរបងជាមួយ ជួបវិបត្តិគ្រោះមហន្តរាយក្នុងភ្លើងសង្គ្រាមដែរ ។

មេដឹកនាំដែលបង្កគ្រោះនិងភ្លើងសង្គ្រាមដល់មនុស្សជាតិនោះមានដូជអាឌុលហីធ្លែរ័ (Adolf Hitler)ជាដើមដែលបង្កឲ្យពិភពលោកឆាប់ឆេះ និងភពផែនដីយើងធំក្លិនឆ្អាប់ស្អុយ និងទឹកភ្នែកនៃមនុស្សគ្រប់តំបន់ គ្រប់ប្រទេសហូរឥតស្រាកស្រាន្តរាល់ថ្ងៃ គ្មានអ្វីក្រៅចង់បានឲ្យខ្លួនអស្ចារ្យ មានសេចក្តីគោរពកោតខ្លាចពីបណ្តាជនដទៃនោះ ។ ប៉ុន្តែការគោរព កោតខ្លាចដែលបានមកពីការកាប់ សម្លាប់ បំផ្លិចបំផ្លាញនិងគំរាមកំហែងគេនោះវាមិនស្ថិតស្ថេរយូរប៉ុន្មានឡើយ ចុងក្រោយស្លាប់យ៉ាងអនិច្ចា ខ្លោចផ្សា ត្រូវមនុស្សទូទាំងពិភពលោកជេរស្តីនិន្ទាគ្រប់ជំនាន់ ។


បំណងជីវិតដែលត្រឹមត្រូវគឺធ្វើយ៉ាងណាឲ្យខ្លួនបានសុខផង ឲ្យបុគ្គលដទៃបានសុខផង នោះទើបជាសេចក្តីប្រាថ្នា​ឬបំណងល្អពិតប្រាកដ ហើយនោះជាទឹសដៅនៃជីវិតដែលយើងប្រាថ្នា ពុំមែនប្លន់សុខឲ្យគេរងទុក្ខខ្លោចផ្សា ខ្លួនដេកសើចក្អាយក្អាយនោះឡើយ ។

មេដឹកនាំដែលយល់ពីសេចក្តីពិតនៃជីវិត និយមនៃជីវិត ជូសេ មូជីកា(Jose Mujica)ប្រទេសអ៊ុយរ៉ាកាយបន្សល់នូវពាក្យពេចន៏៦ឃ្លាសម្រាប់ឲ្យមនុស្សក្នុងពិភពលោកពិចារណាដែលគិតថាលោកជាមេដឹកនាំ ដែលក្រជាងបំផុតក្នុងលោក ។ ប្រយោគទាំង៦ឃ្លានោះមានអត្ថន័យយ៉ាងដូច្នេះ៖

  • អ្នកក្រពិតប្រាកដមិនមែនជាអ្នកគ្មានទ្រព្យច្រើននោះទេ ប៉ុន្តែជាអ្នកដែលចង់មានចង់មិនចេះឆ្អែតទេតើ។
  • ចំពោះខ្ញុំ អ្នកដែលក្រ មានន័យថាអ្នកដែលចង់បានច្រើន ព្រោះថាអ្នកនោះចង់បានរហូតមិនចេះឆ្អែតឆ្អន់ស្កប់ស្កល់។
  • គេហៅខ្ញុំថា«ជាប្រធានាបតីក្រជាងគេក្នុងលោក» ប៉ុន្តែខ្ញុំពុំដែលគិតថាខ្ញុំក្រនោះឡើយ អ្នកដែលក្របំផុត មានតែអ្នកដែលព្យាយាមធ្វើឲ្យជីវិត របស់ខ្លួនរស់ក្នុងភាពមានបាន ហើយបន្តចង់បានកាន់តែច្រើនខ្លាំងឡើងៗ។
  • បើអ្នកចង់មានបាន ចូរអ្នកទៅធ្វើជំនួញទៅ កុំធ្វើនយោបាយ ពីព្រោះថានយោបាយពុំមែនធ្វើឲ្យអ្នកមានបាននោះទេ នយោបាយគឺសម្រាប់បម្រើរាស្ត្រប៉ុណ្ណោះ។
  • សង្គមដែលពោរពេញដោយការអប់រំគឺជាជម្រើសដ៏ល្អបំផុត ហើយវានឹងបង្កជាការលំបាកដល់ជនទាំងឡាយណាដែលមានចេតនាបោកប្រាស់។
  • ខ្ញុំមានរបៀបរស់នៅមួយ ហើយពេលដែលខ្ញុំធ្វើជាប្រធានាធិបតីក៏ខ្ញុំមិនផ្លាស់ប្តូរនោះដែរ ។ខ្ញុំរកបានច្រើនជាងអ្វីដែលខ្ញុំត្រូវការ ទោះបីជាវាមិនគ្រប់គ្រាន់សម្រាប់ជនដទៃក៏ដោយ។ សម្រាប់ខ្ញុំពុំមែនជាការលះបង់ឬពលីកម្មអ្វីទេ ។ ផ្ទុយទៅវិញវាជាកត្តព្វកិច្ច។

អត្ថន័យនិងប្រយោគឃ្លាខាងលើដែលលោកJose Mujica បានលើកឡើងវាបង្ហាញពីតម្លៃនៃជីវិត និងសេចក្តីត្រូវការពិតរបស់មនុស្ស ។គោលបំណងធំនៃមនុស្សយើងគ្រប់រូបគឺសេចក្តីសុខស្រួលក្នុងផ្លូវចិត្ត ផ្លូវអារម្មណ៏តើ ពុំមែនទ្រព្យសម្បត្តិ និងសម្ភារៈអ្វីៗដែលជារបស់ក្រៅខ្លួននោះទេ ដូចពុទ្ធដីការដែលយើងបានលើកឡើងខាងមកហើយថា ពុំមានសេចក្តីសុខណាស្មើសេចក្តីស្ងប់ឡើយ ។  

ស្ងប់ចិត្ត បាត់ទុក្ខ បាត់ភ័យ មិនខ្វល់ខ្វាយអ្វីៗដែលលើសប្រមាណនាំឲ្យបង្កជាសង្គ្រាម ជាភ្លើងផ្សេង នាំវិនាសមហន្តរាយ ឈ្លានពានកាប់សម្លាប់គ្នាគ្មានទីបញ្ចប់ ដោយសារតែមិនយល់ពីសេចក្តីសុខពិតនៅត្រង់ណា។

 

 





Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព